បណ្ឌិត​សេដ្ឋកិច្ច ច័ន្ទ សុផល ប្រាប់​​អ្នកនយោបាយ​ប្រឆាំង ពី​ការប្រើ​ពាក្យ “​កុ​ម្មុយ​និ​ស្ត​” និង “​ផ្តាច់ការ​”

បទវិភាគ ព័ត៌មានជាតិ

(​ភ្នំពេញ​)៖ លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ច បានលើកឡើង​នូវ​ការកត់សម្គាល់​របស់លោក​ថា អ្នកនយោបាយ​ប្រឆាំង​ខ្មែរ​យើង ចូលចិត្ត​ប្រើពាក្យ កុ​ម្មុយ​និ​ស្ត ផ្តាច់ការ​។​

​លោក ច័ន្ទ សុផល លើកឡើងថា «​ខ្ញុំ​សម្គាល់​ឃើញ​អ្នកនយោបាយ​ខាង​ប្រឆាំង​ខ្មែរ​យើង ចូលចិត្ត​ប្រើពាក្យ កុ​ម្មុយ​និ​ស្ត ផ្តាច់ការ ជាមួយគ្នា​។ ពាក្យ​ពីរ​នេះ ឬ​របប​ពីរ​នេះ​ខុសគ្នា​។ នៅ​ចិន និង​វៀតណាម ជា​របប​កុ​ម្មុយ​និ​ស្ត​។ រីឯ​នៅ​កូរ៉េខាងជើង​ជា​របប​ផ្តាច់ការ​។ នៅក្នុង​របប​កុ​ម្មុយ​និ​ស្ត មាន​បក្សកុម្មុយនិស្ត ជា​អ្នកដឹកនាំ ប៉ុន្តែ​គេ​មាន​ប្រជាធិបតេយ្យ​នៅក្នុង​បក្ស​។ នៅ​ចិន និង​វៀតណាម មានការ​រីកចម្រើន​ខ្លាំង​»​។

​លោក ច័ន្ទ សុផល បន្ថែមថា «​តាម​ទស្សនៈ​របស់ខ្ញុំ ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​បែប​ផ្តួលរំលំ​គ្នា ដែល​បង្កើតឱ្យមាន​អ្នក​ជ្រុលនិយម​រៀងៗ​ខ្លួន មិនមែនជា​ឱសថ​ទិព្វ ដូច​អ្នកខ្លះ​យល់ឃើញ សម្រាប់​ប្រទេសមួយ ដែលមាន​ការបែកបាក់ ទំនាស់​ផ្ទៃក្នុង និង​សង្គ្រាមស៊ីវិល​ច្រេ​ី​ន​ទសវត្សរ៍ ដែលមាន​ការសម្លាប់​គ្រូបង្រៀន ពេទ្យ និង​អ្នកចេះដឹង​អស់​ច្រើន​សន្ធឹកសន្ធាប់ និង​ដែល​អាចជា​ឈ្នាន់​របស់​មហាអំណាច​ផ្សេងៗ​គ្នា​នោះទេ​»​។

​លោក ច័ន្ទ សុផល បន្តថា «​ម្យ៉ាងវិញទៀត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស មួយចំនួន​បាន​អនុវត្ត​ការបោះឆ្នោត​សាកល​ប្រហែល ៧០​ឆ្នាំ​មកហើយ តួយ៉ាង​ដូច​ប្រទេស​ថៃ ក៏ប៉ុន្តែ​នៅ​ត្រូវការ​យន្តការ​កែតម្រូវ​ការ​គូស​សន្លឹកឆ្នោត​ខុស​របស់​ប្រជាពលរដ្ឋ​។ សូម្បីតែ​អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់ ក៏មាន​ការសម្រេចខុស​ដែរ ចុះ​ទម្រាំ​អ្នក​ខ្វះ​ចំណេះដឹង អ្នក​ងាយ​ជឿ​តាម​ការនិយាយ​ពីរោះ​របស់​ជន​បោកប្រាស់​? ប្រាំ​ឆ្នាំ​ម្តង​មិនមែន​ខ្លី​ទេ​»​។

​លោក ច័ន្ទ សុផល បន្តថា «​ថ្នាល​ប្រជាធិបតេយ្យ​ត្រូវតែ​បន្តុះ​តទៅទៀត ក៏ប៉ុន្ដែ​ការកសាង​ស្ថាប័ន​រឹងមាំ និង​នីតិរដ្ឋ មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ជា​ខឿន​គ្រឹះ​របស់​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច និង​សិទ្ធិ​នយោបាយ​ប្រកបដោយ​ការទទួលខុសត្រូវ​។ ប្រជាធិបតេយ្យ​ដែលមាន​យន្តការ​កែតម្រូវ (managed democracy) ទំនងជា​ប្រាកដនិយម​ជាងគេ​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា ក្នុងដំណាក់កាល ដែល​មិនអាច​ខ្វះ​បាន​សន្តិសុខ និង​សន្តិភាព នៅក្នុង​រយៈពេល​មធ្យម និង​ជាពិសេស សម្រាប់​រយៈពេល​យូរអង្វែង នៅក្នុង​ការ​ទប់​ទល់នឹង​មហាអំណាច​ផ្សេងៗ ដើម្បី​រក្សាបាន​ឯករាជ្យ​ភ​និង​បូរណភាព​ទឹកដី ដោយមាន​ប្រទេស​ម៉ាឡេស៊ី ថៃ និង​សិង្ហ​បុរី ជា​ឧទាហរណ៍​”៕​

Leave a Reply

Your email address will not be published. Required fields are marked *