ប្រវត្តិលោក គង់ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែ តែស្លាប់លើដីអឺរ៉ុប

បណ្ណាល័យ

(ភ្នំពេញ)៖ កវី គង្គ ប៊ុនឈឿន កើតនៅថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន ជាអ្នកខេត្តតាកែវ និងម្តាយឈ្មោះ ម៉រ ភឹង ជាអ្នកបាត់ដំបង។

លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ នៅឆ្នាំ ១៩៥៥ ហើយបានប្រឡងជាប់ពានរង្វាន់លេខ១ ក្នុងឱកាសមហោស្រពអក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង តាមរយៈស្នាដៃឈ្មោះ «ស្នេហ៍លុះអវសាន»។

លោកត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាអ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុកនូវស្នាដៃផ្នែកតែងនិពន្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និងផលិតបានជាចម្រៀងជាច្រើនបទ ដែលមានអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត, លោក អ៊ឹង ណារី, អ្នកស្រីរស់ សេរីសុទ្ឋា និងអ្នកស្រី ប៉ែន រ៉ន ជាអ្នកច្រៀង។

លោក គង្គ ប៊ុនឈឿន បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន៦នាក់ គឺប្រុសម្នាក់ និងស្រី៥នាក់ ហើយក្នុងនោះ កូន៥នាក់ បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ។

ស្នាដៃរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមជាតិ ដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង ជាពិសេសទឹកដីស្រុកកំណើតរបស់លោក នាខេត្តបាត់ដំបង តែម្ដង។

បទចម្រៀងល្បីៗទាំងនោះរួមមាន ម្លប់ដូងទី១០, អារសាច់ជូនម្ដាយ, អនុស្សាវរីយ៍ខ្នងភ្នំសំពៅ, កូនស្រីអ្នកនេសាទ ដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត។

ស្នាដៃប្រលោកមកចុងក្រោយរបស់លោក គឺសៀវភៅរឿង មានចំណងជើងថា «វាសនានាង តាត ម៉ារីណា» ជាប្រលោមលោកបែបសម័យបច្ចុប្បន្ន រៀបរាប់ពីសង្គ្រាមទឹកអាស៊ីត ដែលជាសាច់រឿងពិតកើតឡើងចំពោះក្មួយស្រីបង្កើតរបស់ខ្លួន ឈ្មោះ តាត ម៉ារីណា ក្រោយពីនាងមានចំណងស្នេហាលួចលាក់ជាមួយអ្នកធំម្នាក់ នៅក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីចេញផ្សាយសៀវភៅប្រលោមលោកនេះភ្លាម ក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវភៀសខ្លួនចេញទៅប្រទេសថៃ និងក្រោយមកទទួលបានសិទ្ធិបន្តទៅរស់នៅក្នុងប្រទេសន័រវេសន៍។

លោក គង្គ ប៊ុនឈឿន បានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ៧៧ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ៣ឆ្នាំ ដោយសារជំងឺមហារីកតម្រងនោម។

អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន ត្រូវសាច់ញាតិនាំពីប្រទេសន័រវេសន៍ មកកាន់ប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០១៨និងយកទៅតម្កល់ទុកនៅក្នុងវត្តកណ្តាល ទឹកដីខេត្តបាត់ដំបង៕

Leave a Reply

Your email address will not be published. Required fields are marked *