ប្រាសាទព្រះវិហាររបស់ខ្មែរ នៅលើខ្នងភ្នំ ជាប់ព្រំដែនថៃ ក្នុងខេត្តព្រះវិហារ

បណ្ណាល័យ

(ភ្នំពេញ)៖ ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ ជាប្រាសាទភ្នំ ដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។

ប្រាសាទព្រះវិហារ មានចម្ងាយប្រមាណ៥៥គីឡូម៉ែត្រ ពីទីរួមស្រុកជាំក្សាន្ត និងមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ, ជាង ១៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។

ក្រុមអ្នកបុរាណវិទ្យាតែងបានគិតថា ប្រាសាទព្រះវិហារ គឺជាប្រាសាទដែលមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀត ដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ព្រះមហាក្សត្រខ្មែរ ព្រះនាមសូរ្យវរ្ម័នទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ដូចគ្នាទៅនឹងប្រាសាទភ្នំជីសូរ ក្នុងខេត្តតាកែវ, ប្រាសាទជើងព្រៃ ក្នុងខេត្តកំពង់ចាម, ប្រាសាទវត្តត្រាច ក្នុងខេត្តសៀមរាប និងប្រាសាទវត្តភូ ក្នុងខេត្តចម្បាសាក់ ប្រទេសឡាវ។ រីឯចម្លាក់នៅលើហោរជាងវិញ មានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និងប្រសាទកោះកេរ។

ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។

តាមរយៈសិលាចារឹកនៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថា ព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត (ប្រាសាទវត្តភូ ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារ ក្នុងព្រះនាមអាទិទេព ព្រះស្រីសិខារីស្វរៈ ដែលមានន័យថា អាទិទេពនៃកំពូលភ្នំ។

ស្រីសិខារីស្វរៈនេះហើយ ដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។

ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។

ព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទព្រះវិហារមានដូចជា៖
• ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)
• ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០)
• ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)
• ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០)
• ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៦០-១០៥៦)
• ព្រះបាទហស៌វរ្ម័នទី២ (១០៥០-១០៨០)
• ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩)
• ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)

ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឲ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឲ្យព្រះរាជាណាចក្រកម្ពុជាវិញ តាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់៕

Leave a Reply

Your email address will not be published. Required fields are marked *