សម្តេចក្រឡាហោម ឧបត្ថមប្រាក់លើកទឹកចិត្ត អ្នកឈ្នះមេដាយ សូហ្វតេន្នីសនៅហ្វីលីពីន

កីឡា ព័ត៌មានជាតិ

(កម្ពុជា)៖ ម្សិលមិញ កីឡាករសូហ្វតេន្នីស​ចំនួន៧រូប ដែលឈ្នះមេដាយពីការប្រកួតនៅហ្វីលីពីន កាលខែសីហាកន្លងទៅ ទទួលបានប្រាក់ឧបត្ថមពីសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធកីឡាសូហ្វ
តេន្នីសកម្ពុជារួចរាល់ហើយ។

ប្រាក់ឧបត្ថមនេះ ផ្តល់ជូនតាមរយៈ លោក ជា ប៊ុនហេង ប្រធានអង្គភាព កីឡានគរបាលជាតិ និងអនុប្រធានទី១សហព័ន្ធកីឡសូហ្វតេន្នីសកម្ពុជា។

ជ័យលាភីដែលប្រជែងបានមេដាយ ពីព្រឹត្តិការណ៍សូហ្វតេន្នីសជើងឯកយុវជនអាស៊ី និងជើងឯកសាកលវិទ្យាអាស៊ី នៅហ្វីលីពីន កាលពីអំឡុងខែសីហាកន្លងទៅនេះ រួមមាន៖ កីឡាករ កាន់ សោភ័ណ្ឌ, ឌឹម សំសម្បត្តិ, សំ ចាន់កាប៊ីន, សាយ សុចិត្រា, ឯក បញ្ញា, បូ សុខរ័ត្ន, យី សរសារិទ្ធ និងកីឡាករ ចន ម៉ាដា ។

នាឱកាសប្រគល់ប្រាក់លើកទឹកចិត្តនេះ លោក ជា ប៊ុនហេង បានចាត់ទុក ការប្រជែងឈ្នះមេដាយនេះ ថាជាការវិវត្តថ្មីមួយ របស់សូហ្វតេន្នីសកម្ពុជា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធ ដែលតែងជួយជ្រោមជ្រែងរហូតមក។

ប្រធានអង្គភាពកីឡានគរបាលជាតិដដែល ក៏បានចាត់ទុកជ័យជំនះនេះ ជាកម្លាំងចិត្តដ៏រឹងមាំមួយ ក្នុងទិសដៅបន្តរួមគ្នាឆ្ពោះទៅប្រជែងយកមេដាយពីស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ឆ្លងកាត់ការចូលរួម ព្រឹត្តិការណ៍ The 1st Junior Soft Tennis Championship និង 1st Asian University Soft tennis Championship កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធចំនួន៤គ្រឿង លើប្រភេទវិញ្ញាសា ឯកត្តជន និងវិញ្ញាសាក្រុម ដោយម្នាក់ៗ ទទួលប្រាក់លើកទឹកចិត្តពីសម្តេច ក្រឡាហោម ចំនួន ៣០០ដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *