សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា ដើម្បីស្នើសុំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយវាយតម្លៃបន្ថែមលើជំពូកថ្មី ស្តីពី «វិស័យធុរកិច្ចកសិកម្ម» នៅកម្ពុជា

ព័ត៌មានជាតិ សុខភាព

(ភ្នំពេញ)៖ សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា (European Chamber of Commerce in Cambodia-EuroCham) ដឹកនាំដោយលោក អាណូ ដាក (Arnaud Darc)​​​ កាលពីថ្ងៃទី៨ ខែតុលា​​​ ឆ្នាំ២០១៩ បានចូលជួបសម្តែងការគួរសម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំជួយវាយតម្លៃបន្ថែមលើជំពូកថ្មី ស្តីពី «វិស័យធុរកិច្ចកសិកម្ម» នៅក្នុងសៀវភៅសរបស់ខ្លួន ដែលបានបោះពុម្ភលើកទី០៣។

លោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា សៀវភៅស (The EuroCham White Book) បោះពុម្ពជាលើកទី០៣នេះ ដោយបានបញ្ចូលជំពូកថ្មីមួយ និយាយអំពី វិស័យធុរកិច្ចកសិកម្ម ដើម្បីជួយធ្វើយ៉ាងណា អាចជួយដោះស្រាយបញ្ហាជូនធុរកិច្ចជនឲ្យបានសមស្រប ល្អប្រសើរ និងជួយលើកកម្ពស់ការប្រកួតប្រជែង។

នៅក្នុងឱកាសនេះដែរ លោក អាណូ ដាក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា នាប៉ុន្មានឆ្នាំកន្លងមក និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកនូវទស្សនវិស័យ និងគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍវិស័យធុរកិច្ចកសិកម្មកម្ពុជា។ 

លោកបានជម្រាបជូនទៀតថា គណ:កម្មាធិការធុរកិច្ចកសិកម្មរបស់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើង នៅឆ្នាំ២០១៨ ក្រោយពីសមាជិករបស់ខ្លួនបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធនឹងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម។

លោករៀបរាប់ថា នៅក្នុងជំពូកថ្មីនេះ មានដាក់បញ្ចូលប្រធាបបទសំខាន់ៗ ចំនួន០៥ រួមមាន៖ ១. សារធាតុហាមឃាត់, ២. ការប្រយុទ្ធប្រឆាំងនឹងសម្ភារកសិកម្មខុសច្បាប់, ៣. បទប្បញ្ញត្តិការងារ, ៤. ពិពិធកម្មកសិកម្ម និងទី៥. ការធ្វើតេស្តទឹកក្នុងវិស័យកសិកម្ម តាមលក្ខខណ្ឌច្បាប់ ដែលនៅក្នុងប្រធានបទនីមួយៗ គណ:កម្មាធិការធុរកិច្ចកសិកម្ម បានជូនអនុសាសន៍សំខាន់ៗដល់អគ្គនាយកដ្ឋានជំនាញរបស់ក្រសួង ដើម្បីយកទៅពិនិត្យ ពិចារណាឲ្យបានស៊ីជម្រៅ និងកែលម្អរាល់ចំណុចខ្វះខាត ដើម្បីធ្វើយ៉ាងណាអាចចូលរួមលើកកម្ពស់បរិយាកាសនៃការធ្វើធុរកិច្ចកសិកម្មឲ្យបានល្អប្រសើរ ដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស តម្លាភាព គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

នាឱកាសនេះ សមាជិកក្រុមការងារ ក៏បានលើកយកប្រធានបទមួយចំនួនទៀត ទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ, ការនាំចូល និងការធ្វើអាជីវកម្មសម្ភារកសិកម្មខុសច្បាប់, ការអនុម័តប្រាក់ឈ្នួលអប្បបរមាស្តង់ដា, ការដាំដុះពូជស្រូវហាយប្រីត និងលក្ខខណ្ឌតម្រូវរបស់ក្រសួងបរិស្ថាន ដែលកំណត់ឲ្យក្រុមហ៊ុនធុរកិច្ចកសិកម្ម ត្រូវតែធ្វើតរស្តគុណភាពទឹកនៅក្រសួងបរិស្ថានផ្ទាល់។

ចំណែកឯកឧត្តម វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា ជាពិសេស លោក អាណូ ដាក ដែលបានរៀបចំចងក្រង និងបោះពុម្ភ សៀវភៅសនេះ ជាលើកទី០៣ ដោយរួមបញ្ចូលជំពូកថ្មី ស្តីពី ធុរកិច្ចកសិកម្ម ស្របពេលក្រសួងកសិកម្មកំពុងតែលើកទឹកចិត្ត និងគាំទ្រឲ្យដៃគូអភិវឌ្ឍវិស័យឯកជន និងសហគមន៍កសិកម្ម ចូលរួមអភិវឌ្ឍវិស័យធុរកិច្ចកសិកម្មនេះ តាមរយ:ការវិនិយោគលើវិស័យផលិតកម្មកសិកម្ម ការកែច្នៃ និងទីផ្សារ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស ធានាតម្លាភាព និងយុត្តិធម៌ជូនអ្នកផលិត និងអ្នកបរិភោគ។

ចំពោះប្រធានបទទាំង០៥ ខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រតិភូ ដោយសង្ខេបមួយជំហាន និងបានអនុញ្ញាតឲ្យមន្ត្រីទទួលបន្ទុកការងារបច្ចេកទេសទាក់ទងនឹងប្រធានបទនេះ សហការជាមួយក្រុមជំនាញនៃសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីយកទៅពិនិត្យកែលម្អ និងដោះស្រាយជាបណ្តើរៗ ដោយឈរលើគោលការណ៍ច្បាប់ និងបច្ចេកទេស។

ឯកឧត្តមរដ្ឋមន្រ្តីបានទទួលស្គាល់ថា ការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជា មានបញ្ហាប្រឈមមួយចំនួន ដែលក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធកំពុងតែត្រិះរិះពិចារណា ក្នុងការស្វែងរកយន្តការសម្រាប់ដោះស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណារក្សាបរិយាកាសវិនិយោគលើវិស័យធុរកិច្ចកសិកម្ម ឲ្យបានល្អប្រសើរទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *