គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត អនុវត្ត​ទៅតាម​អ្វីដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ក្នុងសម័យ​ប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​រសៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ជា​ប្រធាន​កណៈក​ម្មការ​ទី​៧ នៃ​រដ្ឋសភាជាតិ បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត អនុវត្ត​ទៅតាម​អ្វីដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកឡើងថា «​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ បាន​បន្ត​មកដល់​រសៀល​ថ្ងៃ​អង្គារ ទី​៨ ខែតុលា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ ក្នុងនោះ រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​»​។​

​ឯកឧត្តម ហ៊ុន សែន បន្តថា «​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០១៦-២០២៥ ដែល​ត្រូវបាន និង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់ បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ប្តេជ្ញាចិត្ត​អនុវត្ត​ទៅតាម​អ្វីដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​។ ឆន្ទៈ និង​ការតាំង​ចិត្ត​នេះ ក៏បាន​សបញ្ជាក់​ពី​ភាពចាស់ទុំ និង​សង្គតិភាព ភាព​ទទួលខុសត្រូវ​ច្បាស់លាស់ របស់​គណៈបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​ដែលជា​នាយករដ្ឋមន្ត្រី កើតចេញពី​ការបោះឆ្នោត​គាំទ្រ ផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​»​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ផ្អែកលើ​ការដឹកនាំ​ដោយ​ច្បាស់លាស់ និង​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ និង​ស្ថានភាព​សុខសន្តិភាព ស្ថិរភាព កើត​ពី​នយោបាយ​ឈ្នះ​ឈ្នះ បានផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ឱ្យ​កម្ពុជា មានឱកាស​ផ្តោត​ការយកចិត្តទុកដាក់ និង​ការគិតគូ​រលើ​ការវិនិយោគ​វិស័យ​សន្តិសុខ​ការពារជាតិ ស​ណ្ឋា​ប់​ធ្នាប់​សង្គម ហើយ​និង​ឃឿន​សេដ្ឋកិច្ចជាតិ ដែល​សុទ្ធតែជា​មូលដ្ឋាន​ចម្បង ដើម្បី​ឈានឆ្ពោះ​ទៅរក​ការពង្រីក​កិច្ចការ​គាំពារ​សង្គម​ជា​បន្តបន្ទាប់​។ ជាមួយគ្នា​នោះ ខណៈពេលដែល​ភូមិសាស្ត្រ នយោបាយ​ពិភពលោក និង​បរិបទ​នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​មានការ​ប្រែប្រួល រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ ដើម្បី​ធ្វើយ៉ាងណា​ធានា​នូវ​ភាពរឹងមាំ និង​សមត្ថភាព​ខ្ពស់​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ ដើម្បី​ត្រៀម​សម្រាប់​ការប្រកួតប្រជែង​នានា មិន​ថា​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ថ្នាក់​តំបន់ ឬ​ពិភពលោក​»​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​គូសបញ្ជាក់ថា «​ទន្ទឹមនឹងនេះ ភាពជោគជ័យ គឺ​មិនអាច​ធ្វើទៅ​រួម​ដោយ​រាជរដ្ឋាភិបាល​តែឯង​នោះទេ តែ​ត្រូវការ​ជា​ចាំបាច់​នូវ​ការចូលរួម​ជា​ធាតុ​ចូល​វិជ្ជមាន​ផ្សេងៗ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ជាពិសេស​យើងទាំងអស់គ្នា​ម្នាក់ៗ​ជា​ប្រជាពលរដ្ឋ ដើម្បី​បោះជំហាន​ទៅមុខ​រួមគ្នា ឆ្ពោះទៅរក​ការសម្រេច​នូវ​លទ្ធផល​ដែល​បម្រើ​ដល់​ប្រជាជន និង​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​២០៣០ និង​ចក្ខុវិស័យ​២០៥០»៕

Leave a Reply

Your email address will not be published. Required fields are marked *