រដ្ឋសភា ប្រជុំ​ពេញ​មួយថ្ងៃ អនុម័ត​សេចក្ដីព្រាងច្បាប់​សំខាន់ៗ ៣ គឺ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​

ព័ត៌មានជាតិ

(​ភ្នំពេញ​)៖ កិច្ចប្រជុំ​រដ្ឋសភា ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ រដ្ឋសភា បាន​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៣ រួមមាន សេចក្ដីព្រាងច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​។

​សេចក្ដីព្រាងច្បាប់ ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មាន ១២​ជំពូក និង​៦៧​មាត្រា​។ សេចក្តីព្រាងច្បាប់​នេះ នឹង​ក្លាយជា​វិធាន​ដ៏​សំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទាំង​ក្នុង និង​ក្រៅប្រទេស និង​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ជំរុញ​ការពង្រីក​សកម្មភាពរ​បស់​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ត្រៀម​ទទួលយក​នូវ​ការ​ឈន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែល​បាន​ឡើង​ថ្លែង​ការពារ​សេចក្តីព្រាងច្បាប់ នៅក្នុង​អង្គប្រជុំ​ពេញអង្គ​រដ្ឋសភា នា​ថ្ងៃទី​០៨ ខែតុលា​។​

​លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អា​ឡិច​ត្រូ​និក ត្រូវ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងពាណិជ្ជកម្ម ជា​សេនាធិការ តាក់តែងឡើង​តាំងពី​ឆ្នាំ​២០១២ ដោយមាន​ការផ្ដល់​ជំនួយ​បច្ចេកទេស​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ឆ្លងកាត់​សិក្ខាសាលា និង​កិច្ច​ពិគ្រោះ​យ​ប​ល់​ជាច្រើនលើក​។

​ដោយឡែក នៅពេល​រសៀល ថ្ងៃទី​០៨ ខែតុលា រដ្ឋសភា បាន​បន្ត​ប្រជុំ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់​។ សេចក្តីព្រាងច្បាប់​នេះ មាន ១១​ជំពូក និង​៥១​មាត្រា សម្រាប់​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ពី​អំពើ និង​ការអនុវត្ត​មិន​សុចរិត​របស់​ពាណិជ្ជករ​ក្នុង សកម្មភាព​ពាណិជ្ជកម្ម ការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់ គាំទ្រ​ទីផ្សារ​ឲ្យ​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​គុណភាព​ទំនិញ និង​សេវា​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចូល​ការពារ​សេចក្តីព្រាងច្បាប់ នៅ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ បាន​លើកឡើងថា សេចក្តីព្រាងច្បាប់ ស្តីពី របប​សន្តិសុខ​សង្គម ​ដែល​មាន ១១​ជំពូក និង ១០៧​មាត្រា​​ ​មាន​គោលបំណង​បង្កើតឱ្យមាន​របប​សន្តិ​សុខ​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានាឱ្យមាន​សមធម៌ និង​សាមគ្គីធម៌​សង្គម និង​ដើម្បី​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕​

Leave a Reply

Your email address will not be published. Required fields are marked *